នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលនៃវិបត្តិសុខភាព និងសេដ្ឋកិច្ចជាសកលដែលបានធ្វើឱ្យកំណើនធ្លាក់ចុះដល់កម្រិតទាបបំផុត ស្ទើរគ្រប់វិស័យត្រូវបានរងផលប៉ះពាល់ពីវិបត្តិនេះ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត នៅក្នុងកាលៈទសៈនៃការប្រយុទ្ធប្រឆាំងនឹងស្ថានភាពនៃការីករាលដាលនៃជំងឺកូវីដ-១៩ នេះ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរសម្រាប់ប្រតិបត្តិការរបស់ខ្លួន។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផលបត្រឥណទានជាប្រាក់ដុល្លារសរុបមានចំនួន ៨.០២២.៦៥៣ ដុល្លារអាមេរិកនិងអតិថិជន សរុបមានចំនួន១.១៤៦នាក់ ស្របពេលដែលឥណទានមិនដំណើរការមានអត្រាត្រឹមតែ ០,០៦% ប៉ុណ្ណោះ។ ទិសដៅនៅឆ្នាំបន្ទាប់ ឆ្នាំ២០២១ គ្រឹះស្ថានមានគោលដៅបង្កើតសកម្មភាពជួយជម្រុញការអភិវឌ្ឍន៍ស្ថានភាពឱ្យល្អប្រសើរឡើងវិញសម្រាប់អតិថិជនទូទៅ ពិសេសនៅតែគាំទ្រក្នុងការផ្តល់ឥណទានរៀបចំឡើងវិញបន្តទៀត ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានក៏មានឆន្ទៈមុតមាំផងដែរ ក្នុងការចូលរួមជម្រុញការប្រើប្រាស់រូបិណ្ណប័ណ្ណប្រាក់រៀល ដោយបានរៀបចំយុទ្ធសាស្រ្តបន្ថែម ដើម្បីពង្រីកមធ្យោបាយនៃការផ្តល់ឥណទានជាប្រាក់រៀលទៅដល់អតិថិជនរបស់ខ្លួនឱ្យបានទូលំទូលាយ នៅក្នុងឆ្នាំ២០២១។ ជាទីបញ្ជប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចំពោះការជួយគាំទ្រនិងការផ្តល់អនុសាសន៍ល្អៗដល់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាបន្តបន្ទាប់។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល ដៃគូដែលពាក់ព័ន្ធទាំងអស់រួមទាំងអតិថិជនទាំងអស់ដែលមានការជឿជាក់ និងគាំទ្រដល់គ្រឹះស្ថានរបស់យើងនាពេលកន្លងមក ពិសេសខ្ញុំសូមបង្ហាញនូការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ប្រកបដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមបួងសួងសូមទេវតាឆ្នាំថ្មី វត្ថុសក្តិសិទ្ធិក្នុងលោក ប្រសិទ្ធិពរជ័យ ដល់គណៈគ្រប់គ្រង បុគ្គលិក អតិថិជន និងដៃគូពាក់ព័ន្ធទាំងអស់ សូមឱ្យមានសិរីមង្គល វិបុលសុខចម្រើន រុងរឿងជានិច្ចនិរន្តរ៍រៀងទៅ៕
អគ្គនាយក
អ៊ូច សុទ្ធ