ប្រវត្តិគ្រឹះស្ថាន

២០១៥:  គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួល អាជ្ញាប័ណ្ណប្រកប អាជីវកម្មមីក្រូ ហិរញ្ញ វត្ថុ ពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ-៤៦ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដែលបាន អនុញ្ញាតឲ្យ គ្រឹះ​ស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី អាច បំពេញភារកិច្ចក្នុងសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនគ្រប់លំដាប់ថ្នាក់ តាមរយ:សេវាឥណទានដ៏សម្បូរបែបរបស់ខ្លួន ។

ការិយាល័យកណ្តាលត្រូវបានបដិសន្ធិឡើងនៅក្នុង រាជធានីភ្នំពេញ ដោយគោលដៅ ប្រតិបត្តិការឥណទានជាជំហានដំបូង គឺផ្តោតទៅ លើអតិថិជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ។

ការចាប់បដិសន្ធិដំបូង គឺគ្រឹះស្ថាន​បានបង្កើតឲ្យមានផ្នែកប្រតិបត្តិ ការ ផ្នែកហិរញ្ញវត្ថុ និងផ្នែកព័ត៌មានវិទ្យាដែលជាស្នូលនៃការរៀបចំ អភិវឌ្ឍន៍​គ្រឹះស្ថានឲ្យដំណើរការទៅមុខ។ ខែធ្នូ ឆ្នាំ២០១៥ ផ្នែកសវនកម្មផ្ទៃក្នុងត្រូវបានបង្កើតឡើង ដើម្បីធានាអំពីគណនេយ្យ ភាព តម្លាភាព និងប្រសិទ្ធភាពលើការអនុវត្តរបស់គ្រឹះស្ថាន។

២០១៦: នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សាខាចំនួន២ ត្រូវបានបង្កើតឡើង គឺសាខាបឹងឈូក និងសាខាតាខ្មៅ ដើម្បីពង្រីកប្រតិបត្តិការ ឥណទានឲ្យដល់អតិថិជននៅជាយក្រុងភ្នំពេញ និងខេត្តកណ្តាល ។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ផ្នែកធនធានមនុស្សត្រូវបានបង្កើតឡើងដើម្បីលើក កម្ពស់ការគ្រប់គ្រងធនធានមនុស្ស ឲ្យកាន់ តែមាន​ប្រសិទ្ធភាពខ្ពស់ ។

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ផ្នែកម៉ាឃីតធីងក៏ត្រូវបានបង្កើតឡើង ដើម្បីជម្រុញ​លើការកសាង និងលើកកម្ពស់កិត្តិនាមស្ថាប័ន នៅក្នុងទីផ្សារ ។

២០១៧: ជាឆ្នាំប្រកបដោយផ្លែផ្កា គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតសាខាថ្មី១ទៀត នៅស្រុកកៀនស្វាយ ដើម្បីពង្រីកប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់អតិថិជនសក្តានុពល និងបំពេញតម្រូវការទីផ្សារ។ ហើយគ្រឹះស្ថាន បានអនុវត្ត ការបញ្ចុះការប្រាក់មកនៅត្រឹម១.៥% ទៅតាមគោលការណ៍របស់ធនាគារជាតិ ក្នុងការកំណត់ពិដាន អត្រាការប្រាក់ឥណទាន សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងឥណទានជនបទ។

២០១៨: ជាឆ្នាំដ៏ប្រសើរ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបន្តបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាប្រាក់កម្ចី និងបំពេញនូវតម្រូវការជូនអតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ ជាងនេះទៅទៀត ពង្រឹងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ការត្រួត ពិនិត្យការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ដើម្បីជម្រុញអភិបាលកិច្ចនៅក្នុងគ្រឹះស្ថានឲ្យមានប្រសិទ្ធភាព។​ គោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ត្រូវបានធ្វើបច្ចុប្បន្នភាពឲ្យស្របតាមការវិវឌ្ឍន៍របស់គ្រឹះស្ថាន។

២០១៩: នៅខែសីហា ឆ្នាំ២០១៩ សាខាថ្មីមួយទៀតត្រូវបានបើកដំណើរការសាខាខេត្តកំពង់ស្ពឺ សម្រាប់ពង្រីកតំបន់ប្រតិបត្តិការ និងពង្រឹងសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការអតិថិជនសក្តានុពលបន្ថែមទៀត។

២០២០ ឆ្នាំ២០២០ គ្រឹះស្ថាន សីរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គាំទ្រដល់ការរក្សាលំនឹងសេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាផងដែរ ដូចជាការបន្ធូរបន្ថយ និងរៀបចំឥណទានឡើងវិញ លើវិស័យដែលប្រឈមនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងកត្តាគ្រោះធម្មជាតិ។

២០២១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សាខាក្រុងតាខ្មៅ បានផ្លាស់ប្តូរទីតាំងថ្មី ដែលមានអាគារលេខ២៧៧បេ-២៧៧សេ ផ្លូវជាតិលេខ២ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខាងគ្រឹះស្ថានបានសហការជាមួយភ្នាក់ងារវីង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលជូនទៅដល់អតិថិជនទាំងអស់ក្នុងការទូទាត់សាច់ប្រាក់ត្រលប់មកគ្រឹះស្ថានវិញ។