ធនធានមនុស្ស

ធនធានមនុស្ស គឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ហេតុដូចនេះ ដើម្បីរក្សា បាននូវ ភាពជោគជ័យក្នុងការងារឲ្យមានភាព រីកចម្រើន រក្សាកិត្តិស័ព្ទនិងកេរ្តិ៍ឈ្មោះឲ្យបានយូរអង្វែង គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតឲ្យមានក្រិត្យក្រម ច្បាប់ វិន័យ និងគោលការណ៍ប្រតិបត្តិនានាយ៉ាងត្រឹមត្រូវ ច្បាស់លាស់ និងទាន់សម័យ។ នាយកដ្ឋានធនធានមនុស្ស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងដើមទុនធនធានមនុស្សរបស់ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍន៍របស់គ្រឹះស្ថានប្រកបដោយនិរន្តរភាព ស្របទៅតាម ផែនការអាជីវកម្មរបស់ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។  គ្រឹះស្ថាន  ​ សិរីឧត្តម មីក្រូហិរញ្ញវត្ថុ  ភីអិលស៊ី បានយកចិត្តទុកដាក់ខ្ពស់ ទៅក្នុងអភិបាលកិច្ចល្អ និងកិច្ចការថែទាំបុគ្គលិក។ ជោគជ័យក្នុងការរៀបចំធនធានមនុស្សរបស់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានយកចិត្តទុកដាក់យ៉ាងសកម្មទៅលើ

-ជ្រើសរើសមនុស្សឲ្យបានល្អ មានចំណេះជំនាញស្រប តាមតម្រូវការ មានក្រមសីលធម៌ល្អ និងមានសមត្ថភាព អាចរៀនយកនូវ ចំណេះដឹង និងជំនាញទាន់សម័យជានិច្ច។

-រក្សាធនធានមនុស្សល្អ ឲ្យនៅរួមការងារជានិច្ចជាមួយ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។

ការហ្វឹកហ្វឺនអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
ការហ្វឹកហ្វឺន និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក គឺជាសកម្មភាពដែល គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននឹងកំពុងអនុវត្ត ជាបន្តបន្ទាប់ទៅតាមតួនាទី និងភារកិច្ចរបស់បុគ្គលិកនីមួយៗ ដោយរាប់បញ្ចូលទាំងបុគ្គលិក ទើបតែជ្រើសរើសថ្មី បុគ្គលិកកំពុង តែបម្រើការងារ និងបុគ្គលិក ដែលត្រូវបានដំឡើងថ្នាក់ ឬផ្លាស់ប្តូរតួនាទី ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ  ចំណេះដឹង ចំណេះធ្វើ និងអាកប្បកិរិយារបស់បុគ្គលិក  ឲ្យតាមទាន់ការវិវឌ្ឍន៍របស់ គ្រឹះស្ថាន សិរីឧត្តម​មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងដើម្បីរក្សាបាននូវភាព ឈានមុខជាមួយ ការប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្ន។  ផងដែរនោះ ការបណ្តុះបណ្តាល ត្រូវបានរៀបចំតាមកាលវិភាគដ៏ជាក់លាក់ នៅក្នុងផែនការបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្រោមការបណ្តុះបណ្តាលផ្ទាល់ពី សំណាក់ថ្នាក់ដឹកនាំនៅក្នុងគ្រឹះស្ថាន និងគ្រូជំនាញពីប្រភពខាងក្រៅ។ ជាមធ្យមបុគ្គលិកមួយរូប នឹងទទួលបានការ បណ្តុះបណ្តាលផ្ទៃក្នុង យ៉ាងតិចពីរដងក្នុងមួយឆ្នាំ។ សម្រាប់ការបណ្តុះបណ្តាលខាងក្រៅ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់ជាការឧបត្ថម្ភការសិក្សាបន្ថែមជូនដល់បុគ្គលិក ដែលមានបំណងសិក្សាបន្ថែម ដើម្បីអភិវឌ្ឍន៍ការងារបច្ចុប្បន្ន របស់ខ្លួន។ ទន្ទឹមនឹងនេះផងដែរ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់ឱកាសដល់សិស្សនិស្សិត នៅតាម សាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថាននានា តាមរយៈការផ្តល់ការងារស្ម័គ្រចិត្ត និងការចុះធ្វើកម្មសិក្សា ដើម្បីដកស្រង់នូវ បទពិសោធន៍ការងារ​ជាក់ស្តែង យកទៅផ្សារភ្ជាប់ជាមួយនឹងចំណេះដឹង និងទ្រឹស្តីដែលពួកគេបានសិក្សា នៅគ្រឹះស្ថានសិក្សាទាំងអស់ នោះ ដែលនេះជាការរួម ចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។