កំណើនសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងឆ្នាំមុន ដោយសារការអូសបន្លាយនៃសង្គ្រាម រុស្សី និង អ៊ុយក្រែន ការរឹតបន្ដឹងនយោបាយរូបិយវត្តុនៅប្រទេសអភិវឌ្ឍន៍ចម្បងៗ។ តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំ២០២៣ សម្រេចបានក្នុងអត្រា ៣% ធៀបនឹង ៣,៥% នៅឆ្នាំមុន។
ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនផលិតផលក្នុងស្រុកសរុប (GDP)មានកំណើន៥,៥% ដែលគាំទ្រដោយវិស័យ ទេសចរណ៍ កសិកម្ម និងការនាំចេញ ផលិតផលកម្មន្តសាល មិនមែនកាត់ដេរ (បរិក្ខារអេឡិចត្រូនិច) ខណៈដែលការនាំចេញវិស័យកាត់ដេរ កសិកម្ម សំណង់ និង អចលនទ្រព្យមានកំណើនទាប។ កំណើននេះមានការកើនឡើងខ្ពស់ជាងឆ្នាំ២០២២ បន្តិច (៥,៣%) ហើយការសម្រេចបាននូវកំណើននេះ ដោយសារមានការគាំទ្រនៃស្ថេរភាពនយោបាយ ដែលដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខ។
ដោយឡែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តការអភិវឌ្ឍន៍ជាលំដាប់ ដែលធានាបាននូវចីរភាពហិរញ្ញប្បទាន និងសេវា ហិរញ្ញវត្ថុចាំបាច់នានាក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ប៉ុន្តែការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួនបណ្តាលឲ្យកំណើនឥណទាន ថយចុះ គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញក្នុងអំឡុងវិបត្តិកូវីដ-១៩ ផងនោះ បានបណ្តាលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមាន អនុបាតឥណទានមិនដំណើរការកើនឡើងផងដែរ។
គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបានបន្តចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងប្រសើរប្រកប ដោយចីរភាព ហើយបញ្ចៀសបានហានិភ័យឥណទានផងដែរ ដោយគ្រឹះស្ថានអនុវត្តតាមគោលនយោបាយឥណទាន ប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត គ្រឹះស្ថានតែងតែចូលរួមពង្រឹងអភិបាលកិច្ចល្អ និងគ្រប់គ្រងហានិភ័យនានាព្រមទាំងពង្រឹងគុណភាពឥណទាន និងរចនា សម្ព័ន្ធការងារផ្ទៃក្នុងបានយ៉ាងមធ្យ័តថែមទៀត។
ទន្ទឹមនឹងនេះ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយការផ្លាស់ប្តូររូបសញ្ញាថ្មី ដែលបានបង្ហាញពីការ អភិវឌ្ឍរបស់គ្រឹះស្ថានជាបន្តបន្ទាប់ ស្របតាមទស្សនៈវិស័យ បេសកកម្ម យុទ្ធសាស្រ្ត ដើរទាន់សម័យកាល និងបទដ្ឋានជាសកល។ ហើយ ជាងនេះទៅទៀតគ្រឹះស្ថានបានផ្លាស់ប្តូរផ្លាកយីហោថ្មីនៅគ្រប់ការិយាល័យសាខារបស់គ្រឹះស្ថានទាំងអស់ផងដែរ ដើម្បីពង្រឹងកិត្យានុភាពគ្រឹះស្ថាន ឲ្យកាន់តែទូលំទូលាយនិងមានការទទួលស្គាល់ជាសាធារណៈ។
ចំពោះលទ្ធផលរបស់គ្រឹះស្ថាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានសំពៀត ឥណទានសរុបស្មើនឹង៦.៨៩៨.៨៨០ដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ១.១២៣នាក់ នៅពេលដែលអត្រាឥណទានមិនដំណើរការ មានត្រឹមតែ ០,៣៥% តែប៉ុណ្ណោះ បានសរបញ្ជាក់ពីភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងឥណទាន និងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក គ្រប់ផ្នែកដើម្បីទទួលបានសមិទ្ធផលល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យក្រុមប្រឹក្សាភិបាល យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំបុគ្គលិក និងអតិថិជនដែលបានផ្តល់ការគាំទ្រដល់ការប្រតិបត្តិការរបស់យើងតាំងពីដើមរៀងមក និងបន្តគាំទ្រគ្រឹះស្ថានយើងខ្ញុំ រហូតតទៅ។ ជាពិសេសទៅទៀតនោះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និយ័តករ និងអាជ្ញាធរ ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ការគាំទ្រដល់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដើម្បីកសាងភាពរីកចម្រើនរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងមានបទដ្ឋានខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ដ៏សម្បូរបែបនាពេលបច្ចុប្បន្ន ជាពិសេសគឺការជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងចូលរួមអភិវឌ្ឍសង្គម ជាតិបានថែមទៀត។
យើងខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មី និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក អាជ្ញាធរពាក់ព័ន្ធ និងអតិថិជនទាំងអស់សូមឲ្យមានសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្តរ៍តទៅ។
លោកឧកញ៉ា អ៊ុល ចំណាន