ព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា ទិញដុល្លារចូលជិត $៥០០ លាននៅឆមាសទី១

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​យក​ប្រាក់​រៀល​ទិញ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៦៥ លើក​នៅ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​នេះ ដោយ​បាន​ទិញ​ចូល​ប្រាក់​ដុល្លារ​មាន​តម្លៃ​សរុប ៤៧៩,៤ លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ខណៈ​តម្រូវ​ការ​ប្រាក់​រៀល​មាន​កំណើន​នៅ​លើ​ទីផ្សារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទីមួយ​របស់ NBC​។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បង្ហាញ​ថា ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប NBC បាន​លក់​ប្រាក់​រៀល​ប្រមាណ ​៦០ ​ភាគរយ​ ទៅ​ឲ្យ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា ដែល​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​ប្តូរប្រាក់​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

របាយ​ការណ៍​មិន​បាន​បញ្ជាក់​ពី​ទឹក​ប្រាក់​ជា​រៀល​សរុប​ដែល NBC បាន​បញ្ចេញ​ដើម្បី​ទិញ​យក​ប្រាក់​ដុល្លារ​មក​វិញ​នោះ​ទេ តែ​បាន​បញ្ជាក់​ថា​តាម​រយៈ​ការ​ធ្វើ​អន្តរាគមន៍​នេះ អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​បាន​រក្សា​ស្ថិរភាព​ល្អ​ប្រសើរ ដោយ​មាន​អត្រា​ជា​មធ្យម ៤ ០៤០ រៀល ក្នុង​មួយ​ដុល្លារ​។

លោក​ស្រី ជា សិរី អគ្គនាយិកា NBC បាន​ឲ្យ​ដឹង​ថា ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រាក់​រៀល​មាន​ការ​កើនឡើង​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ទំនុក​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​លើ​រូបិយប័ណ្ណ​ជាតិ​។

ប៉ុន្តែ​លោកស្រី​បាន​បញ្ជាក់​ថា ទន្ទឹមនឹង​កំណើន​តម្រូវការ​ប្រាក់​រៀល ចំណែក​ប្រាក់​រៀល​ដែល​ចរាចរណ៍​នៅក្នុង​សេដ្ឋកិច្ច​ទាំង​មូល​នៅ​តែ​តូច​នៅឡើយ​ធៀប​នឹង​ប្រាក់​ដុល្លារ​។

លោកស្រី​ថ្លែង​ថា​៖«​ទោះជា​ការ​ប្រើប្រាស់​ប្រាក់​រៀល​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​យើង​កើនឡើង​ខ្ពស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ក៏​នៅតែមាន [​ចំណែក​] ច្រើន​នៅក្នុង​ទំហំ​សេដ្ឋកិច្ច​ផងដែរ​»​។

លោកស្រី​បន្តថា​៖ «​ឥឡូវ លុយ​ដុល្លារ​មាន ៨៣ ភាគរយ [​នៃ​ទំហំ​សេដ្ឋកិច្ច​] ដែល​នេះ​ជា​ចំណុច​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ដែរ ហើយ​ភារកិច្ច​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំហំ​ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​នៅ​ក្នុង​សេដ្ឋកិច្ច​ហ្នឹង​មាន​ការ​ថយ​ចុះ​»​។

ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ លោក​ស្រី សិរី ថ្លែងថា ធនាគារ​កណ្ដាល​មាន​ជម្រើស​តិច​តួច​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន ហើយ​កន្លងមក​ការទិញ​ប្រាក់​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​គឺជា​ភារកិច្ច​ដ៏​សំខាន់​មួយ​របស់​ធនាគារ​កណ្ដាល​ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ និង​អតិផរណា​។

​បើ​យោង​តាម​ការ​ព្យាករ​ផ្អែកលើ​និន្នាការ​និង​តម្រូវការ​ទិ​ផ្សារ នៅ​ឆមាស​ទី​២​ឆ្នាំ ២០១៧ គ្រឹះស្ថាន​ធនាគារ និង​អាជីវករ​ប្តូរប្រាក់​នឹង​មាន​តម្រូវការ​ប្រាក់រៀល​កើនឡើង​១៧,៩ ភាគរយ​ធៀប​នឹង​ឆមាស​ទីមួយ​។

របាយ​ការណ៍ NBC ក៏បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​បាន​បង្កើន​ទុន​បម្រុង​អន្តរជាតិ​ដុល​ដល់ ៧,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំណាច់​ឆមាស​ទីមួយ​ឆ្នាំ​នេះ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​ប្រមាណ ៦ ខែ​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ប្រចាំ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ឲ្យ​ដឹង​ថា ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ និង​អតិផរណា​បាន​ជួយ​បង្កើន​ទំនុក​ចិត្ត​ដែល​កើន​ឡើង​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក ហើយ​គោលនយោបាយ​បែប​ទន់ភ្លន់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​កន្លង​មក​បាន​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​។

លោក​ថ្លែងថា​៖«​ការរក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​អតិផរណា គឺជា​សូចនាករ​ដ៏​ល្អ បង្ហាញ​ពី​ការវិវត្ត​ក្នុងការ​ធ្វើ​បដិដុល្លា​រូបនីយកម្ម [​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ដុល្លារ​]»​។

លោក​បាន​បន្ត​ថា ការតម្រូវ​របស់ NBC ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​មាន​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​យ៉ាង​តិច ១០ ភាគរយ នៃ​ឥណទាន​សរុប​របស់​ពួក​គេ​នៅ​ចុង​ឆ្នាំ ២០១៩ ក៏​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ផងដែរ​ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​៕ LA

  • របាយការណ៍ត្រីមាសទីពីរ ឆ្នាំ២០១៧
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៣ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៨០ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ២៤៧ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០.០០% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៥,៣២៧,១៦៤.៤៩ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter